ក្លិបកីឡាបាល់ទាត់ វិសាខា របស់យើង
បានឡើងវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ Cambodian League Cup 2022 ហើយ បន្ទាប់ពីយកឈ្នះក្លិបព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ២-០ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅកីឡដ្ឋានស្តាតចាស់ នៅល្ងាចថ្ងៃទី២៤
ខែឧសភា ឆ្នាំ២០២២ នេះ ។
ជំនួបដណ្ដើមកៅអីវគ្គផ្ដាច់ព្រ័ត្រលើទឹកដីកណ្ដាលនេះ កីឡាករ
Marcos
Vinicius បានស៊ុតគ្រាប់នាំមុខឲ្យពួកយើង ១គ្រាប់មុន នៅនាទី៣៥
ហើយការប្រកួតបានអូសបន្លាយ រហូតដល់ចុងវគ្គទី២ ទើបកីឡាករ អ៊ុក សុវណ្ណ រកបានគ្រាប់ទី២
បន្ថែម នៅនាទី៩០+៣ តាមរយៈការទាត់បាល់ពិន័យ ១១ម៉ែត្រ ដើម្បីធានាកៅអីវគ្គផ្ដាច់ព្រ័ត្រតែម្ដង
។
សម្រាប់វគ្គផ្ដាច់ព្រ័ត្រ ក្លិបកីឡាបាល់ទាត់ វិសាខា
នឹងត្រូវជួបក្រុមភ្នំពេញក្រោន នាថ្ងៃទី២៨ ខែឧសភាចុងសប្ដាហ៍នេះ
ដើម្បីដណ្ដើមពានរង្វាន់ Cambodian League Cup 2022 ។
សូមបញ្ជាក់ថា គិតចាប់ពីវគ្គជម្រុះក្នុងពូល
រហូតដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្លិបរបស់យើង បានទទួលជ័យជម្នះ
៥ប្រកួតជាប់ៗគ្នា រួមមានវគ្គជម្រុះក្នុងពូល ពួកយើងបានយកឈ្នះក្រុម Next Step FC ៦-០, ឈ្នះព្រៃវែងអេហ្វស៊ី ៥-១ និងឈ្នះអង្គរថាយហ្គឺរ ៦-១ ហើយបន្ដយកឈ្នះក្រុមបឹងកេត
២-០ ក្នុងវគ្គ ៨ក្រុមចុងក្រោយ មុនបន្ដយកឈ្នះក្រុមព្រះខ័នរាជស្វាយរៀង ២-០ ទៀត ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីល្ងាចមិញ ៕