ចប់ការប្រកួត៖ ភ្នំពេញក្រោន ៣-៣ វិសាខា
ជំនួបដ៏អស្ចារ្យក្នុងសប្ដាហ៍ទី១០ នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០២១ បានបញ្ចប់ហើយ ដោយពួកយើង បានប្រកួតស្មើក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន ក្នុងលទ្ធផលបច្ចេកទេស ៣-៣ នៅកីឡដ្ឋាន Smart RSN នាល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ។
ក្នុងការប្រកួតនេះ កីឡាករ Adres Neito រកបាន ១គ្រាប់មុនឲ្យក្រុមម្ចាស់ផ្ទះ នៅនាទីទី៣ ប៉ុន្ដែពួកយើង បានព្យាយាមវាយបក រហូតរកបានគ្រាប់តាមស្មើ ១-១ នៅនាទី៣៣ ពីការតែតបញ្ចូលទីដោយកីឡាករ កែវ សុខផេង មុនត្រូវបានកីឡាករ Valerii Hryshyn រកបានគ្រាប់ទី២ ឲ្យភ្នំពេញក្រោន នៅនាទី៤០ ។
ចូលវគ្គទី២ ក្រុមទាំងពីរ បានរក្សាការប្រយុទ្ធយ៉ាងជក់ចិត្ត រហូតដល់នាទី៥៥ ពួកយើងក៏រកបានគ្រាប់តាមស្មើជាថ្មី ដែលជាគ្រាប់តែតបញ្ចូលទីពីសំណាក់ប្រធានក្រុមរបស់យើងកីឡាករ កែវ សុខផេង ដដែល មុនកីឡាករ Adres Neito រកបានគ្រាប់ទី៣ ឲ្យភ្នំពេញក្រោន នៅនាទី៥៦ ។ យ៉ាងណាមិញពួកយើង នៅតែព្យាយាមវាយសម្រុក រហូតដល់នាទី៩០ ទើបកីឡាករ រ៉ឹង ប៊ុនហៀង ស៊ុតគ្រាប់តាមស្មើ ៣-៣ ក្រោយទទួលបាល់ពីមិត្តរួមក្រុម Marcus Haber មុនអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត ។
ជាមួយការចែកគ្នា ១ពិន្ទុម្នាក់នេះ បានធ្វើឲ្យក្រុមទាំងពីរ រក្សាកំណត់ត្រាមិនទាន់ស្គាល់ចាញ់សោះ ក្នុងលីគ រដូវកាលថ្មីដូចគ្នា ខណៈពួកយើង ក្នុងបានរក្សាកំណត់ត្រាល្អ សម្រាប់ប្រវត្តិជួបគ្នាជាមួយក្រុមភ្នំពេញក្រោន ចំនួន ៧លើកឈ្នះ ៣ និងស្មើ ៤ ផងដែរ ។ បច្ចុប្បន្នពួកយើង រកបាន ១៩ពិន្ទុ ស្មើក្រុមអង្គរថាយហ្គឺរនិងព្រះខ័នរាជស្វាយរៀង បន្ទាប់ពីប្រកួតបាន ៩លើកឈ្នះ ៥ និងស្មើ ៤ ។ សម្រាប់ប្រកួតបន្ទាប់ ពួកយើងនឹងត្រូវជួបក្រុមបាល់ទាត់ខេត្តព្រៃវែង នាថ្ងៃទី០១ ខែសីហាខាងមុខ នៅកីឡដ្ឋានព្រីនស៍ ៕